
បើស្ទាបប៉ះ ដុំកូនកណ្ដុរ តើអាចជាបញ្ហាអ្វីខ្លះ?
ក្នុងរាងកាយមនុស្ស ក្រៅពីសរសៃឈាមយើងនៅមានប្រព័ន្ធសរសៃមួយបែបទៀត ដែលបង្កើតជាចរន្តដ៏ស្មុគស្មាញទៅគ្រប់ទិសទីនៃសារពាង្គកាយ គឺប្រព័ន្ធទឹករងៃ (Lymph vessels) និងកូនកណ្ដុរ (Lymph nodes) ដែលដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធការពារ រាង្គកាយ (Immune System)។ ជាធម្មតា កូនកណ្ដុរមិនអាចស្ទាបប៉ៈឡើយ យើងអាចស្ទាបប៉ៈវាក្នុងករណី វារីកធំឡើងមិនធម្មតា (Lymphadenopathy)។
មូលហេតុភាគច្រើនដែលបង្ករឲ្យរីកធំនៃកូនកណ្ដុរ(Lymphadenopathy) គឺដោយមានវត្តមានរបស់មេរោគ (បាក់តេរី ឬ វីរុសផ្សេងៗ) ឬមានការរលាករ៉ាំរ៉ៃលើសរីរាង្គផ្សេងៗ តែក៏អាចជាសញាមួយនៃជំងឺមហារីកផងដែរ!
ជំងឺមហារីកភាគច្រើន តែងតែឲ្យសញាលេចចេញជាកូនកណ្ដុរ អាចឲ្យយើងស្ទាបប៉ៈ ឬរីកធំឡើងខុសប្រក្រតី (ជាទូទៅ ធំជាង 1cm) អាចបញ្ជាក់ពី ភាគធ្ងន់ធ្ងរនៃការវិវឌ្ឍន៍របស់ដុំមហារីកផងដែរ។ លក្ខណៈកូនកណ្ដុរក្នុងជំងឺមហារីក ភាគច្រើនធំលើស 1cm ទន់/រឹង មិនឈឺចាប់ មិនឡើងក្រហម និងមិនបាត់ទៅវិញឯកឯងនោះឡើយ នៅតំបន់ខ្លះ (ដូចជាជុំវិញក ក្លៀក គ្រលៀន…) តែក៏អាចនៅច្រើនកន្លែងដំនាលគ្នាដែលជាញឹកញាប់ គេអាចសង្កេតឃើញមាន ក្នុងករណីនៃជំងឺមហារីកកូនកណ្ដុរ (Hodgkin & Non-Hodgkin Lymphoma)។ រោគសញានៃជំងឺមហារីកដែលគូរប្រុងប្រយ័ត្នរួមមាន ដុំកូនកណ្ដុររីកលឿន ក្ដៅខ្លួន បែកញើស ស្រកទំងន់ (B-Symptoms)។
ការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ គឺការច្រឹបកូនកណ្ដុរ (Biopsy) ទៅពិនិត្យនៅមន្ទីរពិសោធន៍ជំនាញ និងពិនិត្យធ្វើការបែងចែកប្រភេទឲ្យបានច្បាស់លាស់ទៅតាមបច្ចេកទេសនៃ Immunohistochemistry / Flow cytometry ដើម្បីឈានដល់រោគវិនិច្ឆ័យមួយដ៏ច្បាស់លាស់ មុននឹងឈានដល់ការព្យាបាល។ ជំងឺមហារីកកូនកណ្ដុរ អាចមានសង្ឃឹមជាសះស្បើយភាគច្រើន បើរកឃើញទាន់ពេល និងបានទទួលការព្យាបាលត្រឹមត្រូវតាមក្បួនពេទ្យមហារីកបែបទំនើប (ដោយថ្នាំឆ្លាតៗ ថ្នាំសំលាប់មហារីកទំនើបៗ និងប្រពន្ធ័ការពារពិសេស)។
សូមមកពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅពេលដែលលេចចេញកូនកណ្ដុរដែលអ្នកសង្ស័យ។